ការចុះបញ្ជីអាជីវកម្ម

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

ការចុះបញ្ជីអាជីវកម្ម

សហគ្រាសទាំងអស់ដែលមានបំណងចង់ធ្វើអាជីវកម្មនៅកម្ពុជា ត្រូវមកចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យ៉ាងតិច ១៥ថ្ងៃ មុននឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ទៅតាមទម្រង់ណាមួយដែលចង់បង្កើត ដោយចូលទៅកាន់ប្រព័ន្ធចុះបញ្ជីអនឡាញ ឬដែលហៅថាប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា Cambodia Data Exchange (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh។ លើសពីនេះទៅទៀត ប្រសិនបើសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនណាមួយពាក់ព័ន្ធនឹងក្រសួងពាក់ព័ន្ធ ពួកគេត្រូវមានកាតព្វកិច្ចស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងទៀតពីក្រសួងនោះដោយឡែកពីគ្នាបន្ថែមទៀត។ ឧទាហរណ៍៖ ការបើកសាលាឯកជន ត្រូវចុះបញ្ជីនៅក្រសួងទាំងបីខាងលើ ហើយត្រូវសុំអាជ្ញាប័ណ្ណអប់រំពីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកម្ពុជា វិនិយោគិនដែលចង់បើកដំណើរការអាជីវកម្មនៅកម្ពុជា អាចបង្កើតអាជីវកម្មរបស់ខ្លួនតាមទម្រង់ណាមួយដូចខាងក្រោម៖

ក.សហគ្រាសឯកបុគ្គល

ខ.ក្រុមហ៊ុនសហកម្មសិទ្ធិ

ខ១. ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ

ខ២. ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត

គ. ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត

គ១. ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត

គ២. សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

គ៣. ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត

ឃ. ក្រុមហ៊ុនបរទេស

ឃ១. ការិយាល័យតំណាង

ឃ២. សាខាក្រុមហ៊ុនបរទេស

ឃ៣. បុត្រសម្ព័ន្ធក្រុមហ៊ុនបរទេស

invest in business startups reasons why
Run a startup in 2020

សហគ្រាសឯកបុគ្គល

សហគ្រាសឯកបុគ្គលនៅកម្ពុជាមិនមែនជានីតិបុគ្គលដែលគ្រប់គ្រង និងដំណើរការដោយបុគ្គលណាម្នាក់ដែលជាម្ចាស់ដើមទុននោះទេ ម្ចាស់សហគ្រាសប្រភេទនេះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះបំណុលទាំងអស់របស់សហគ្រាស។

ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ

ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅគឺជាកិច្ចសន្យារវាងមនុស្សពីរនាក់ ឬច្រើននាក់ដែលរួមបញ្ចូលគ្នានូវទ្រព្យសម្បត្តិ សកម្មភាព ឬចំណេះដឹងរបស់ពួកគេដើម្បីធ្វើអាជីវកម្មជាមួយគ្នាដើម្បីបង្កើតប្រាក់ចំណេញ។ វាគឺជានីតិបុគ្គលដោយយោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកម្ពុជា។ ខណៈដៃគូររកស៊ីនៅក្នុងក្រុមហ៊ុនប្រភេទនេះត្រូវទទួលខុសត្រូវលើបំណុលរបស់ក្រុមហ៊ុនទាំងអស់ចំពោះភាគីទីបី ដៃគូររកស៊ីនៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតត្រូវទទួលខុសត្រូវចំពោះតែចំនួនទឹកប្រាក់ដែលពួកគេបានរួមចំណែកតែប៉ុណ្ណោះ។

ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត

ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺជាកិច្ចសន្យារវាងដៃគូររកស៊ីទូទៅម្នាក់ ឬច្រើននាក់ ដែលបុគ្គលម្នាក់ត្រូវបានចាត់តាំងឱ្យគ្រប់គ្រង និងមានកាតព្វកិច្ចមើលការខុសត្រូវនៅក្នុងក្រុមហ៊ុន ជាមួយនឹងដៃគូររកស៊ីមានកម្រិតម្នាក់ ឬច្រើននាក់ទៀត ដែលពួកគេត្រូវមានកាតព្វកិច្ចក្នុងការដាក់បញ្ចូលដើមទុនរបស់ពួកគេទៅក្នុងក្រុមហ៊ុន។

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត គឺជាទម្រង់ក្រុមហ៊ុនមួយដែលត្រូវបានណែនាំច្រើនបំផុតសម្រាប់វិនិយោគិនបរទេស ពីព្រោះវាមានការតម្រូវមួយចំនួនតែប៉ុណ្ណោះដូចជា៖

ក. ដើមទុនទាបបំផុត ៤,000,000 រៀល ឬ ១,000 ដុល្លារ

ខ. ម្ចាស់ភាគហ៊ុនត្រូវមានចន្លោះពី ២ ទៅ ៣០ នាក់ ប៉ុន្តែមនុស្សម្នាក់ក៏អាចបង្កើតជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិតបានដែរ

គ. អាចមានអភិបាលត្រឹមតែម្នាក់ក៏បាន

ឃ. ម្ចាស់ភាគហ៊ុនទទួលខុសត្រូវចំពោះតែភាគហ៊ុនដែលបានដាក់ចូលតែប៉ុណ្ណោះ

ង. ដំណើរការនៃការបិតក្រុមហ៊ុនវិញគឺសាមញ្ញបំផុត។

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតមិនត្រូវបានអនុញ្ញាតឱ្យបោះពុម្ពផ្សាយប័ណ្ណភាគហ៊ុនរបស់ខ្លួនជាសាធារណៈនោះទេ តែវាត្រូវបានអនុញ្ញាតឱ្យផ្ទេរភាគហ៊ុនរបស់ខ្លួនទៅម្ចាស់ហ៊ុនផ្សេងទៀតបាន។

សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត គឺជាផ្នែកមួយរបស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមានសមាជិកតែម្នាក់គត់ជាម្ចាស់ភាគហ៊ុន។ សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត អាចត្រូវបានបំប្លែងទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតតាមការអនុញ្ញាតពីម្ចាស់ភាគហ៊ុនក្នុងការបង្កើនម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត

ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត អាចបោះពុម្ពផ្សាយប័ណ្ណភាគហ៊ុន និងមូលបត្របំណុលរបស់ខ្លួនដល់សាធារណៈជនបាន។ ឈ្មោះត្រូវតែដាក់ថា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ (ម.ក) នៅខាងចុង នៃឈ្មោះក្រុមហ៊ុន។ វាទាមទារឱ្យមានអភិបាលយ៉ាងតិច៣នាក់ និងម្ចាស់ភាគហ៊ុនយ៉ាងតិច២នាក់ ឬច្រើន។ ប្រភេទក្រុមហ៊ុនចំនួនដូចជា៖​ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវតែចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។

ការិយាល័យតំណាង

ការិយាល័យតំណាងមិនមានបុគ្គលិកលក្ខណៈស្របច្បាប់ដាច់ដោយឡែកពីក្រុមហ៊ុនមេនោះទេ ហើយវាអាចធ្វើសកម្មភាពត្រឹមតែមួយចំនួនដូចខាងក្រោមតែប៉ុណ្ណោះនៅកម្ពុជា៖

ក. ទាក់ទងអតិថិជនក្នុងគោលបំណងណែនាំអតិថិជនទាំងនេះទៅកាន់ក្រុមហ៊ុនមេរបស់ខ្លួន

ខ. ស្រាវជ្រាវព័ត៌មានពាណិជ្ជកម្ម និងផ្តល់ព័ត៌មានទាំងនេះទៅកាន់ក្រុមហ៊ុនមេរបស់ខ្លួន

គ. ធ្វើការសិក្សាស្រាវជ្រាវផ្នែកទីផ្សារ

ឃ. ការទិញ និងការរក្សាទុកនូវទំនិញសម្រាប់គោលបំណងធ្វើពិព័រណ៍ពាណិជ្ជកម្មគឺត្រូវបានអនុញ្ញាត ប៉ុន្តែ ការលក់ទំនិញ ឬសេវាកម្មត្រូវបានហាមឃាត់

ង. អាចជួលការិយាល័យ និងជួលបុគ្គលិកក្នុងស្រុកសម្រាប់អនុវត្តការងារ

ច. អាចធ្វើកិច្ចសន្យាជាមួយអតិថិជនក្នុងនាមក្រុមហ៊ុនមេរបស់ខ្លួន

សាខាក្រុមហ៊ុនបរទេស

សាខាក្រុមហ៊ុនបរទេស អាចអនុវត្តសកម្មភាពដូចគ្នាទៅនឹងការិយាល័យតំណាងដែរ។ ជាងនេះទៅទៀត ពួកគេក៏អាចទិញ លក់ទំនិញ ឬផ្ដល់សេវាកម្ម និងអាចចូលរួមក្នុងសកម្មភាពផលិតកម្មបានផងដែរ។ សាខាក្រុមហ៊ុនបរទេស ក៏មិនមានបុគ្គលិកលក្ខណៈស្របច្បាប់ដាច់ដោយឡែកពីក្រុមហ៊ុនមេរបស់ខ្លួនដូចទៅនឹងការិយាល័យតំណាងដែរ។

បុត្រសម្ព័ន្ធក្រុមហ៊ុនបរទេស

បុត្រសម្ព័ន្ធក្រុមហ៊ុនបរទេស គឺជាក្រុមហ៊ុនមួយប្រភេទដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយក្រុមហ៊ុនបរទេស ដែលដើមទុនយ៉ាងតិច ៥១% ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបរទេសនោះ។ ផ្ទុយពីការិយាល័យតំណាង និងសាខាក្រុមហ៊ុនបរទេស បុត្រសម្ព័ន្ធក្រុមហ៊ុនបរទេស មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដាច់ដោយឡែកពីក្រុមហ៊ុនមេរបស់ខ្លួនគិតចាប់ពីថ្ងៃដែលបានចុះបញ្ជីរួចរាល់។

ឯកសារតម្រូវ

បន្ទាប់ពីជ្រើសរើសទម្រង់ក្រុមហ៊ុនណាមួយដែលលោកអ្នកចង់បានរួចរាល់ហើយ ជំហានបន្ទាប់គឺការរៀបចំឯកសារសម្រាប់ការចុះបញ្ជី។ ដើម្បីរៀបចំលក្ខន្តិកៈក្រុមហ៊ុន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ត្រូវការឯកសារ និងព័ត៌មានមួយចំនួនដូចខាងក្រោម៖

ក. ឈ្មោះសហគ្រាស

ខ. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ភាគហ៊ុន

គ. ចំនួនម្ចាស់ភាគហ៊ុន

ឃ. រូបថតរបស់ម្ចាស់ភាគហ៊ុន

ង. ចំនួនដើមទុន

ច. អាសយដ្ឋានរបស់សហគ្រាស

ឆ. កិច្ចសន្យាជួល (ប្រសិនបើមាន)

ជ. ចំនួនបុគ្គលិកដែលនឹងត្រូវជួល និងចំនួនថ្ងៃធ្វើការ

ឈ. អ៊ីម៉ែល និងលេខទូរស័ព្ទទំនាក់ទំនងរបស់ម្ចាស់ភាគហ៊ុន និងរបស់សហគ្រាសជាដើម។ល។

ឯកសារដែលនឹងទទួលបាន

បន្ទាប់ពីរង់ចាំរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រុមហ៊ុននឹងទទួលបានឯកសារដូចខាងក្រោម៖

ក. លក្ខន្តិកៈក្រុមហ៊ុន

ខ. សម្រង់ក្រុមហ៊ុន

គ. វិញ្ញាបនបត្របញ្ជាក់ពីការចុះបញ្ជីពាណិជ្ជកម្ម

ឃ. លិខិតបញ្ជាក់គណនីធនាគារ

ង. វិក័យប័ត្របង់ថ្លៃសេវាជូនក្រសួងនានា

ច. វិញ្ញាបនបត្រប៉ាតង់

ឆ. វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម

ជ. កាតចុះបញ្ជីពន្ធដារ

ឈ. លិខិតជូនដំណឹងអំពីកាតព្វកិច្ចពន្ធ និងការប្រកាសពន្ធ

ញ. លិខិតបញ្ជាក់ស្ដីពីការប្រកាសបើកសហគ្រាសនៅក្រសួងការងារ

ដ. អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីក្រសួងនានា (ប្រសិនបើមាន)

ការផ្លាស់ប្តូរព័ត៌មានអាជីវកម្ម

ព័ត៌មានអាជីវកម្មមួយចំនួននឹងត្រូវបានផ្លាស់ប្តូរអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ភាគហ៊ុន ឬតាមការតម្រូវពីអាជ្ញាធរ ឬហេតុផលមួយចំនួនផ្សេងទៀត។ ការផ្លាស់ប្ដូទាំងនោះរួមមាន៖

ក. ផ្លាស់ប្តូរទីតាំងអាជីវកម្ម

ខ. ផ្លាស់ប្តូរសកម្មភាពអាជីវកម្ម

គ. បន្ថែមសកម្មភាពអាជីវកម្ម

ឃ. តម្លើងដើមទុន          

ង. ប្តូរឈ្មោះក្រុមហ៊ុន

ច. បន្ថែមសាខា

ឆ. ផ្ទេរភាគហ៊ុន។ល។

ក្រុមហ៊ុនត្រូវជូនដំណឹងទៅអាជ្ញាធរពន្ធដារយ៉ាងហោចណាស់ ១៥ ថ្ងៃបន្ទាប់ពីការផ្លាស់ប្តូរព័ត៌មានទាំងនេះ មិនដូច្នេះទេ វានឹងត្រូវបានចាត់ទុកថាក្រុមហ៊ុនបានប្រព្រឹត្តិអំពើរាំងស្ទះដែលជាកម្មវត្ថុនៃការពិន័យនានា។

សេវាកម្មផ្សេងៗរបស់ពួកយើង៖

21ec7e d3db40605c044ea79a5d16924bea128d mv2

ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម

យើងខ្ញុំផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ...
Business License

ការស្នើអាជ្ញាប័ណ្ណអាជីវកម្

យើងខ្ញុំផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ...