ការចុះបញ្ជីអាជីវកម្ម
ទំព័រដើម
ចុះបញ្ជីសហគ្រាស
ការចុះបញ្ជីអាជីវកម្ម
ទូរស័ព្ទៈ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
សហគ្រាសទាំងអស់ដែលមានបំណងចង់ធ្វើអាជីវកម្មនៅកម្ពុជា ត្រូវមកចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យ៉ាងតិច ១៥ថ្ងៃ មុននឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ទៅតាមទម្រង់ណាមួយដែលចង់បង្កើត ដោយចូលទៅកាន់ប្រព័ន្ធចុះបញ្ជីអនឡាញ ឬដែលហៅថាប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា Cambodia Data Exchange (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh។ លើសពីនេះទៅទៀត ប្រសិនបើសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនណាមួយពាក់ព័ន្ធនឹងក្រសួងពាក់ព័ន្ធ ពួកគេត្រូវមានកាតព្វកិច្ចស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងទៀតពីក្រសួងនោះដោយឡែកពីគ្នាបន្ថែមទៀត។ ឧទាហរណ៍៖ ការបើកសាលាឯកជន ត្រូវចុះបញ្ជីនៅក្រសួងទាំងបីខាងលើ ហើយត្រូវសុំអាជ្ញាប័ណ្ណអប់រំពីក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកម្ពុជា វិនិយោគិនដែលចង់បើកដំណើរការអាជីវកម្មនៅកម្ពុជា អាចបង្កើតអាជីវកម្មរបស់ខ្លួនតាមទម្រង់ណាមួយដូចខាងក្រោម៖
ក.សហគ្រាសឯកបុគ្គល
ខ.ក្រុមហ៊ុនសហកម្មសិទ្ធិ
ខ១. ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ខ២. ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
គ. ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
គ១. ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
គ២. សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
គ៣. ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
ឃ. ក្រុមហ៊ុនបរទេស
ឃ១. ការិយាល័យតំណាង
ឃ២. សាខាក្រុមហ៊ុនបរទេស
ឃ៣. បុត្រសម្ព័ន្ធក្រុមហ៊ុនបរទេស
បន្ទាប់ពីជ្រើសរើសទម្រង់ក្រុមហ៊ុនណាមួយដែលលោកអ្នកចង់បានរួចរាល់ហើយ ជំហានបន្ទាប់គឺការរៀបចំឯកសារសម្រាប់ការចុះបញ្ជី។ ដើម្បីរៀបចំលក្ខន្តិកៈក្រុមហ៊ុន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ត្រូវការឯកសារ និងព័ត៌មានមួយចំនួនដូចខាងក្រោម៖
ក. ឈ្មោះសហគ្រាស
ខ. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ភាគហ៊ុន
គ. ចំនួនម្ចាស់ភាគហ៊ុន
ឃ. រូបថតរបស់ម្ចាស់ភាគហ៊ុន
ង. ចំនួនដើមទុន
ច. អាសយដ្ឋានរបស់សហគ្រាស
ឆ. កិច្ចសន្យាជួល (ប្រសិនបើមាន)
ជ. ចំនួនបុគ្គលិកដែលនឹងត្រូវជួល និងចំនួនថ្ងៃធ្វើការ
ឈ. អ៊ីម៉ែល និងលេខទូរស័ព្ទទំនាក់ទំនងរបស់ម្ចាស់ភាគហ៊ុន និងរបស់សហគ្រាសជាដើម។ល។
បន្ទាប់ពីរង់ចាំរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រុមហ៊ុននឹងទទួលបានឯកសារដូចខាងក្រោម៖
ក. លក្ខន្តិកៈក្រុមហ៊ុន
ខ. សម្រង់ក្រុមហ៊ុន
គ. វិញ្ញាបនបត្របញ្ជាក់ពីការចុះបញ្ជីពាណិជ្ជកម្ម
ឃ. លិខិតបញ្ជាក់គណនីធនាគារ
ង. វិក័យប័ត្របង់ថ្លៃសេវាជូនក្រសួងនានា
ច. វិញ្ញាបនបត្រប៉ាតង់
ឆ. វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម
ជ. កាតចុះបញ្ជីពន្ធដារ
ឈ. លិខិតជូនដំណឹងអំពីកាតព្វកិច្ចពន្ធ និងការប្រកាសពន្ធ
ញ. លិខិតបញ្ជាក់ស្ដីពីការប្រកាសបើកសហគ្រាសនៅក្រសួងការងារ
ដ. អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីក្រសួងនានា (ប្រសិនបើមាន)
ព័ត៌មានអាជីវកម្មមួយចំនួននឹងត្រូវបានផ្លាស់ប្តូរអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ភាគហ៊ុន ឬតាមការតម្រូវពីអាជ្ញាធរ ឬហេតុផលមួយចំនួនផ្សេងទៀត។ ការផ្លាស់ប្ដូទាំងនោះរួមមាន៖
ក. ផ្លាស់ប្តូរទីតាំងអាជីវកម្ម
ខ. ផ្លាស់ប្តូរសកម្មភាពអាជីវកម្ម
គ. បន្ថែមសកម្មភាពអាជីវកម្ម
ឃ. តម្លើងដើមទុន
ង. ប្តូរឈ្មោះក្រុមហ៊ុន
ច. បន្ថែមសាខា
ឆ. ផ្ទេរភាគហ៊ុន។ល។
ក្រុមហ៊ុនត្រូវជូនដំណឹងទៅអាជ្ញាធរពន្ធដារយ៉ាងហោចណាស់ ១៥ ថ្ងៃបន្ទាប់ពីការផ្លាស់ប្តូរព័ត៌មានទាំងនេះ មិនដូច្នេះទេ វានឹងត្រូវបានចាត់ទុកថាក្រុមហ៊ុនបានប្រព្រឹត្តិអំពើរាំងស្ទះដែលជាកម្មវត្ថុនៃការពិន័យនានា។